សៀមរាប៖ ជារៀងរាល់ឆ្នាំនាថ្ងៃ៣ កើត ខែមាឃ បងប្អូនប្រជា ពលរដ្ឋរស់នៅតំបន់អង្គរឬនៅជុំវិញនោះ តែងតែរួមគ្នាប្រារព្វពិធីឡើងមាឃ ឬពិធីឡើង អ្នកតា ដើម្បីសុំសេចក្តីសុខ ចម្រើន។
នៅក្នុងឆ្នាំ២០២២នេះ ក្នុងថ្ងៃ៣កើតខែមាឃ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ក៏មិនខុស ប្លែកពីឆ្នាំមុនៗប៉ុន្មានឡើយ ប្រជាពលរដ្ឋក្មេងចាស់ ប្រុស ស្រី បានមកជួបជុំគ្នានៅបរិវេណខាងមុខប្រាសាទអង្គរ ដើម្បីប្រារព្ធពិធីឡើងមាឃឬពិធីឡើងអ្នកតា ដើម្បីសុំសេច ក្តីសុខចម្រើន ដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ដែលទាំងនេះសបញ្ជាក់ឱ្យឃើញថា អ្នក ស្រុកអង្គរ នៅតែបន្តថែរក្សាប្រពៃណី ពីបុរាណកាល ដែលបន្សល់ទុកពីដូនតា មកដល់បច្ចុប្បន្ន។
លោក ហៀ សារ៉ី ជាអាចារ្យដឹកនាំពិធីឡើងមាឃ បានឱ្យដឹងថា ការប្រារព្ធពិធីឡើង មាឃ ក្នុងគោលបំណង ដើម្បី រំលឹកដល់គុណអតីតព្រះ មហាក្សត្រ មេទ័ព និងវីរជន គ្រប់ជំនាន់ដែលបានខិតខំកសាងប្រាង្គប្រាសាទ ជាកេរ្តិ៍ដំណែលដល់កូនចៅជំនាន់ក្រោយ និងដើម្បីសុំសេចក្តីសប្បាយដល់កូនចៅគ្រប់ៗរូប។
យើងធ្វើតាមបែបព្រះពុទ្ធសាសនាផង តាមបែបព្រហ្មញ្ញសាសនាផង ដោយថ្ងៃ៣កើត ខែមាឃ ធំនេះ ពេលព្រឹកយើងជួបជុំគ្នា មាននិមន្តព្រះសង្ឈ ចម្រើនព្រះបរិត្ត វេភត្តហាថ្វាយព្រះសង្ឃ ដើម្បីឧទ្ទិសដល់បុព្វ បុរសគ្រប់ជំនាន់ ជាពិសេសលោកតារាជ្យ ហើយមួយទៀតយើងធ្វើតាមលទ្ធិព្រហ្មមញ្ញសាសនា យើងមានរៀបគ្រឿងសក្ការៈក្រយាបូជាសព្វបែប យ៉ាង មានភ្លេងពិណពាទ្យ យើងប្រគុំថ្វាយមានដល់ទៅ៧បទ ទន្ទឹមនឹងនោះមានកម្មវិធីបួងសួង ដល់ទេវតា យក្ស អ្នកតា គ្រប់ភពផែនទាំងអស់មកសន្ធិតនៅទីនោះដើម្បីទទួលសំណែនដែលកូនចៅបានធ្វើ។
សូមបញ្ជាក់ថា ពិធីឡើងមាឃឬឡើងអ្នកតា ប្រារព្ធឡើង តាមបែបព្រះពុទ្ធសាសនាផង និងតាមជំនឿបែបព្រហ្មមញ្ញសាសនាផង ដោយពេលព្រឹក ព្រលឹម មានពិធីនិមន្តព្រះសង្ឈសូទ្រមន្តចម្រើនព្រះបរិត្ត និងវេភត្តហាប្រគេនព្រះសង្ឈ និងពេលរសៀល មានរៀបចំជាគ្រឿងសក្តារៈ ដង្វាយបូជា ការប្រគុំភ្លេងពិណពាទ្យ និងមានពិធីបួងសួងសុំសេចក្តីសុខចម្រើនផងដែរ៕







